ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។
ភ្លឺស្រះដែលធ្លាប់តែទុកចោលទំនេរ ឥឡូវត្រូវបានគ្របដណ្តប់ដោយពណ៌បៃតងនៃដំណាំរួមផ្សំ។
នៅកណ្តាលស្រះចិញ្ចឹមបង្គាដែលតភ្ជាប់គ្នានៅឃុំ U Minh ភ្លឺស្រះជាច្រើនដែលធ្លាប់តែទុកចោលដីទំនេរ ឥឡូវបានគ្របដណ្តប់ដោយពណ៌បៃតងនៃដំណាំរួមផ្សំរយៈពេលខ្លី។ ប្រជាជនបានទាញយកផលប្រយោជន៍ពីដីភ្លឺស្រះដើម្បីដាំត្រសក់ ប៉េងប៉ោះ ម្រះ ពោតបារាំង។ល។ ដែលជាប្រភេទដំណាំងាយស្រួលថែទាំ មានរយៈពេលលូតលាស់ខ្លី និងងាយស្រួលរកទីផ្សារនាំចេញទៀតផង ដែលជួយឱ្យបងប្អូនមានប្រភពចំណូលបន្ថែមជាប្រចាំក្នុងអំឡុងពេលរង់ចាំប្រមូលផលបង្គា។
លោក Đào Tư នៅភូមិលេខ ១៦ ឃុំ U Minh បានឱ្យដឹងថា៖ “កាលពីមុន គ្រួសារខ្ញុំពឹងផ្អែកតែលើការចិញ្ចឹមបង្គាប៉ុណ្ណោះ។ ចាប់តាំងពីដាំដំណាំនៅតាមភ្លឺស្រះមក ប្រភពចំណូលក៏មានស្ថេររភាពជាងមុន។ ដោយឡែកក្នុងអំឡុងពេលទឹកឡើងនាពេលថ្មីៗនេះ ចម្ការដំណាំបានផ្តល់ចំណូលបានជាង ១០០ លានដុងផងដែរ”។
មិនត្រឹមតែគ្រួសារលោក Đào Tư ប៉ុណ្ណោះទេ គ្រួសារជាច្រើននៅភូមិលេខ ១៦ ក៏បានក្លាហានផ្លាស់ប្តូរទម្រង់ផលិតដូចគ្នាផងដែរ។ ការរួមបញ្ចូលដាំដំណាំជាមួយនឹងការចិញ្ចឹមបង្គា ជួយឱ្យបងប្អូនអនុវត្តបានល្អនូវវិធីសាស្រ្ត “យកខ្លីចិញ្ចឹមវែង” កាត់បន្ថយហានិភ័យ និងមានភាពម្ចាស់ការជាងមុនចំពោះការប្រែប្រួលនៃអាកាសធាតុនិងទីផ្សារ។
យោងតាមលោក Lý Quốc Khánh ប្រធានសាខាសមាគមកសិករភូមិលេខ ១៦ បានឱ្យដឹងថា៖ "សាខាសមាគមតែងចលនាបងប្អូនប្រជាជនឱ្យទាញយកផលប្រយោជន៍ពីភ្លឺស្រះសម្រាប់ដាំដំណាំ ណែនាំអំពីការជ្រើសរើសពូជ និងរៀបចំរដូវកាលឱ្យបានសមស្រប។ ឃើញគ្រួសារនេះអនុវត្តមានប្រសិទ្ធភាព គ្រួសារផ្សេងទៀតក៏រៀនតាម ដែលបង្កើតបានជាទម្លាប់ផលិតបែបថ្មី មិនទុកដីឱ្យនៅទំនេរដោយខ្ជះខ្ជាយនោះឡើយ"។
លោកស្រី Dương Thị Ngọc Nhân អនុប្រធានការិយាល័យសេដ្ឋកិច្ចឃុំ U Minh បានវាយតម្លៃថា៖ “ទម្រង់ដាំដំណាំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា មានទុនវិនិយោគទាប ប៉ុន្តែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែត។ តាមរយៈការតាមដាន គ្រួសារជាច្រើនមានចំណូលបន្ថែមចាប់ពី ២០-៤០ លានដុងក្នុងមួយឆ្នាំ ហើយមានគ្រួសារខ្លះទទួលបានកម្រិតខ្ពស់ជាងនេះ។ នេះគឺជាកត្តាដ៏សំខាន់មួយដែលជួយឱ្យឃុំមានលក្ខណៈកាត់បន្ថយចំនួនគ្រួសារក្រីក្របានយ៉ាងឆាប់រហ័ស”។
ទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា បង្កើតមុខរបរចិញ្ចឹមជីវភាពប្រកបដោយស្ថេរភាពសម្រាប់កសិករទៀតផង។
ទន្ទឹមនឹងប្រសិទ្ធភាពសេដ្ឋកិច្ច ទម្រង់នេះក៏បានរួមចំណែកក្នុងការកែលម្អបរិស្ថាន កាត់បន្ថយស្មៅដុះនៅតាមភ្លឺស្រះ និងករណីបាក់រលះដី ព្រមទាំងបង្កើតសោភ័ណភាពបៃតង ស្អាតសម្រាប់តំបន់ចិញ្ចឹមបង្គាផងដែរ។ សំខាន់ជាងទៀតគឺទម្រង់នេះបានផ្លាស់ប្តូរផ្នត់គំនិតផលិតរបស់បងប្អូនប្រជាជនជាបណ្តើរៗ ពីការរង់ចាំការឧបត្ថម្ភ មកជាម្ចាស់ការឈានឡើងដោយសកម្មភាពជាក់ស្តែង និងមានអត្ថប្រយោជន៍។
ផ្តើមពីប្រសិទ្ធភាពជាក់ស្តែងនេះ ឃុំ U Minh បន្តជំរុញការពង្រីកទម្រង់នេះឱ្យមានការផ្សារភ្ជាប់ទៅនឹងកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ នេះត្រូវបានចាត់ទុកថាជាដំណោះស្រាយយ៉ាងសមស្របទៅនឹងលក្ខណៈភូមិភាគ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅផ្នែកខាងសម្ភារៈ និងស្មារតីសម្រាប់បងប្អូនជនជាតិ ក៏ដូចជាការឆ្ពោះទៅរកគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយស្ថេរភាពទៀតផង៕
Nguyễn Đào - Chí Thức

Truyền hình







Xem thêm bình luận